កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ បង្ក្រាបទីតាំងស្កែមអនឡាញ ឃាត់ខ្លួនជនសង្ស័យ ២នាក់

SangKheb Daily By SangKheb Daily August 25, 2026

ត្រពាំងប្រាសាទ៖ នាថ្ងៃអង្គារទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ដោយឃាត់ខ្លួនបានមនុស្សចំនួន ២នាក់។ការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត។ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រាសាទ ចុះប្រតិបត្តិការនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន៖ ១. ឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ២. ឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនរួមមាន កុំព្យូទ័រចំនួន ២គ្រឿង និងទូរសព្ទចំនួន ២គ្រឿង (iPhone ១៥ Pro Max ពណ៌ខ្មៅ ចំនួន ២គ្រឿង)។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Share this content