អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសប្រគល់ទ្រព្យសម្បត្តិទាំងអស់ និងសុំបញ្ចប់គោរមងារ ដើម្បីទទួលខុសត្រូវលើគម្រោង ៦A
ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ប្រកាសប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងស្នើសុំព្រះមហាក្សត្របញ្ចប់គោរមងារឧកញ៉ា ដើម្បីបង្ហាញការទទួលខុសត្រូវលើគម្រោង ៦A ដែលមិនអាចបញ្ចប់បាន។
ក្នុងសេចក្តីថ្លែងការណ៍ លោកបានលើកឡើងថា គម្រោង ៦A ជាគម្រោងដែលលោកបានលក់ ដោយទទួលចំណូលសរុប ១៨៥ លានដុល្លារអាមេរិក ប៉ុន្តែលោកបានចំណាយទៅលើគម្រោងនេះសរុបរហូតដល់ ២២១ លានដុល្លារ។ បច្ចុប្បន្ន តាមព័ត៌មានដែលលោកទទួលបាន គម្រោងនេះនៅត្រូវការប្រាក់បន្ថែមប្រហែល ២០ ទៅ ៣០ លានដុល្លារទៀត ទើបអាចបញ្ចប់បាន។
លោកបានសរសេរថា៖ «ដល់ដំណាក់កាលនេះ ជាដំណាក់កាលត្រូវវះកាត់» ដើម្បីបង្ហាញការទទួលខុសត្រូវជាមួយជាតិកម្ពុជា។ លោកសូមទទួលទោសទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តែស្នើសុំសន្តោសប្រណីពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីកុំឱ្យប្រពន្ធទទួលទោស និងឱ្យកូនបានរៀនសូត្រចប់។
លោកបញ្ជាក់ថា បងប្អូនមួយពូជរបស់លោក នឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ រួមទាំងដីផ្នូរម្តាយ កង់ ម៉ូតូ និងឡាន ទៅក្រសួងដែនដីឱ្យចាត់ចែងទាំងស្រុង។ ឈ្មោះបងប្អូនដែលមានគោរមងារឧកញ៉ា ដែលលោកស្នើសុំបញ្ចប់រួមមាន៖ អ្នកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧកញ៉ា ឡេង និមល ឧកញ៉ា ឡេង បញ្ចាពណ៌ និងឧកញ៉ា សុន តារ៉ាវុធ។
លោកទទួលស្គាល់កំហុសចម្បងពីរ គឺគម្រោងយឺតយ៉ាវ និងការជំពាក់បំណុល។ លោកប្រាប់ថា ចង់ឱ្យកូនបានដឹងច្បាស់ពីកំហុសរបស់ឪពុក នៅពេលគេធំឡើង។ ចំពោះដីធ្លី និងទ្រព្យសម្បត្តិផ្សេងៗ ដែលមានច្រើនពាន់ហិកតា ទាំងនៅខេត្ត និងក្នុងរាជធានី លោកអះអាងថា បច្ចុប្បន្នមិនមានតម្លៃគ្រប់គ្រាន់សម្រាប់ទូទាត់បំណុល និងបញ្ចប់គម្រោងនោះទេ។
លោកសន្យាសហការជាមួយក្រសួង ១០០% ក្នុងការបង្កើតស៊ើបអង្កេត និងប្រគល់ទ្រព្យសម្បត្តិដោយស្មោះត្រង់។ លោកសរសេរថា៖ «ខ្ញុំបាទស្របតាមការសម្រេចចិត្តរបស់ក្រសួង ចាត់ចែងទាំងស្រុង»។

