កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បង្រ្កាបឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធអំពើកាប់ប្លន់យកម៉ូតូ ៣គ្រឿង នៅខេត្តស្វាយរៀង


ភ្នំពេញ៖ តាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាការដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៦:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានទទួលព័ត៌មាន និងសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវតាមជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមទាំងម៉ូតូ ៣គ្រឿង។
ម៉ូតូទាំង ៣គ្រឿងដែលរឹបអូសបាន រួមមាន ម៉ាកសេ ១២៥ ហុងដាឌ្រីម ចំនួន ២គ្រឿង គ្មានស្លាកលេខ និងមួយគ្រឿងទៀតមានស្លាកលេខ ពោធិ៍សាត់ ១N ១៩១៤។ ជនសង្ស័យទាំងបីនាក់ត្រូវបាននាំមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ។
តាមការឆ្លើយសារភាពរបស់ជនសង្ស័យ ពួកគេនិងបក្ខពួកដែលមានគ្នាច្រើននាក់ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនៅស្រុកស្វាយទាប កាលពីថ្ងៃទី២៤ និងទី២៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងចំណោមម៉ូតូទាំងនោះ មានមួយគ្រឿងជាមធ្យោបាយដែលពួកគេប្រើប្រាស់ធ្វើសកម្មភាពកាប់ប្លន់ ហើយម៉ូតូនោះក៏ត្រូវបានពួកគេកាប់ប្លន់ពីជនរងគ្រោះផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រគល់ជូនសមត្ថកិច្ចខេត្តស្វាយរៀង ដើម្បីបន្តដំណើរការនីតិវិធីតាមផ្លូវច្បាប់។