លោក នួន នី ណែនាំតម្រង់ទិសឱ្យអ្នកសារព័ត៌មានគោរពច្បាប់ ធម្មនុញ្ញវិជ្ជាជីវៈ និងចែកសៀវភៅធម្មនុញ្ញដល់អ្នកសារព័ត៌មាន

SangKheb Daily By SangKheb Daily October 20, 2026

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត (N.P.A) បានជួបសំណេះសំណាល និងណែនាំតម្រង់ទិសវិជ្ជាជីវៈសារព័ត៌មានដល់ចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មានមួយចំនួន ដើម្បីពង្រឹងសមត្ថភាពអនុវត្តការងារ និងក្រមសីលធម៌ក្នុងវិស័យព័ត៌មានឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសជួបជុំនោះ លោក នួន នី បានលើកឡើងអំពីសារៈសំខាន់នៃការបំពេញវិជ្ជាជីវៈសារព័ត៌មានដោយភាពត្រឹមត្រូវ យុត្តិធម៌ និងមានតុល្យភាព ដោយផ្អែកលើការពិតជាក់ស្តែង ព្រមទាំងចៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំផ្លើសបំភ្លៃ ដែលអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងកិត្តិយសរបស់អ្នកដទៃ។

ជាពិសេស លោកប្រធានសមាគមបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ «សូមឱ្យបងប្អូនអ្នកសារព័ត៌មានអាជីពទាំងអស់ មុនពេលចេញផ្សាយព័ត៌មាន ឬខ្លឹមសារណាមួយ ត្រូវផ្តល់សិទ្ធិ និងទុកឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើការបំភ្លឺ និងបកស្រាយមកកាន់សាមីអង្គភាពដែលបានទទួលប្រភពជាមុនសិន ដើម្បីធានាបាននូវតុល្យភាពព័ត៌មាន តម្លាភាព និងភាពយុត្តិធម៌សម្រាប់គ្រប់ភាគីទាំងអស់ ចៀសវាងការចោទប្រកាន់ឯកតោភាគី»។

ទន្ទឹមនឹងនេះ លោក នួន នី ក៏បានក្រើនរំលឹក និងសង្កត់ធ្ងន់ទៀតថា៖ «បងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈ ពីព្រោះចំណុចទាំងនេះហើយគឺជាអាវក្រោះដ៏រឹងមាំសម្រាប់ការពារខ្លួនយើងពីការរងការពិន័យផ្សេងៗពីក្រសួងព័ត៌មាន ឬការរងបណ្តឹងផ្លូវច្បាប់នានាជាយថាហេតុ»។

ក្នុងឱកាសដដែល លោកប្រធានសមាគមបានផ្តល់ជូនអ្នកសារព័ត៌មាននូវឯកសារគន្លឹះសំខាន់ៗ រួមមាន៖ ១. កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជាត្រីវិស័យតម្រង់ទិសក្នុងការអនុវត្តការងារប្រចាំថ្ងៃ ២. សៀវភៅរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ដើម្បីជាឯកសារជំនួយស្មារតី និងការយល់ដឹងអំពីបរិបទព័ត៌មានបច្ចុប្បន្ន។

ក្រៅពីការចែករំលែកចំណេះដឹង និងឯកសារច្បាប់វិជ្ជាជីវៈ លោក នួន នី ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ចាងហ្វាង និងអ្នកសារព័ត៌មានទាំងអ្នកដែលបានចូលរួម និងមិនបានចូលរួម ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីសាមគ្គីភាព ភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំសមាគម និងសមាជិក ពិសេសអ្នកសារព័ត៌មានទាំងអស់។

ពិធីសំណេះសំណាលបានបញ្ចប់ទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល រីករាយ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តបេសកកម្មបម្រើវិស័យសារព័ត៌មាននៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

Share this content