សមត្ថកិច្ចរាជធានីភ្នំពេញ បំភ្លឺរឿងចុះឃាត់ខ្លួនបុរសម្នាក់នៅឫស្សីកែវ គឺអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការ
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺករណីដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទប្រកាន់ថា សមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួនបុរសម្នាក់ដោយគ្មានដីការបស់តុលាការ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧ និង ៣០នាទី កម្លាំងការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ៣៨៣អ.យ.ប របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនលោក ស្រស់ ថាវ័ន្ត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។ការឃាត់ខ្លួននេះធ្វើឡើងនៅមុខហាងកាត់សក់មួយកន្លែង ស្ថិតនៅផ្ទះលេខ២ ផ្លូវ៣៤២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដើម្បីសាកសួរពាក់ព័ន្ធករណីបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យអ្នកដទៃរងរបួស និងបើករថយន្តគេចវេសពីកន្លែងកើតហេតុ។ បុរសរូបនេះត្រូវបាននាំយកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ខណៈដែលសមត្ថកិច្ចកំពុងអនុវត្តដីកា ក៏មានការរារាំងតវ៉ាពីក្រុមគ្រួសាររបស់លោក ស្រស់ ថាវ័ន្ត ដែលបង្កបាតុភាពមិនល្អ។ បន្ទាប់មក លោកស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់។ដោយមានការធានាពីសំណាក់មេធាវី និងក្រុមគ្រួសារ ព្រមទាំងមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្នងការរងបានអនុញ្ញាតឲ្យបុរសខាងលើត្រឡប់ទៅផ្ទះវិញ ដោយមានការធានានឹងនាំលោក ស្រស់ ថាវ័ន្ត មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីចំពោះមុខការងារជំនាញរបស់សមត្ថកិច្ច។
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។