អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណង(ជំនួយ)ចំនួន ៥លានដុល្លារអាមេរិកសម្រាប់អង្គភាពCMAC និងអង្គការ NPA

នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Peter Risser ប្រធានអង្គការ NPA ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការ NPA ក្រោមគម្រោង“ការពារអាយុជីវិតនិងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា” តាមរយៈការអនុវត្តគម្រោងកម្មវិធីការស្រាវជ្រាវនិងបោសសម្អាតគ្រាប់បែកចង្កោមការបោសសម្អាតមីននិងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់សម្រាប់រយៈពេល១៨ខែ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧ ដែលមានថវិកាគាំទ្រគម្រោងសរុបចំនួន៥លានដុល្លារអាម៉េរិកដែលក្នុងនោះអង្គភាព CMAC បានទទួលថវិកាចំនួន៤លានដុល្លារអាម៉េរិក តាមរយៈអង្គការ NPA និងអង្គការ NPA បានទទួលថវិកាចំនួន១លានដុលា្លរអាម៉េរិក។ គម្រោងនេះជួយគាំទ្រកម្លាំងជំនាញអង្គភាព CMAC ចំនួនប្រមាណជិត ៣០០នាក់ក្នុងកងឯកភាពកំចាត់មីនចំនួន២នៅទិសខេត្តត្បូងឃ្មុំនិងទិសខេត្តឧត្តរមានជ័យដែលទទួលបន្ទុកប្រតិបត្តិការដោយផ្ទាល់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហេង រតនា បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានគាំទ្រគម្រោងដ៏មានសារៈសំខាន់នេះនិងសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ប្រធានាធិបតី Donald J Trump រដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាម៉េរិក ជាពិសេសអង្គការ NPA ដែលបានបន្តគាំទ្រយ៉ាងសកម្មដល់សកម្មភាពមីននិងការអភិវឌ្ឍន៍នៅកម្ពុជា។ ក្នុងស្មារតីសប្បុរសធម៌ការគាំទ្រដ៏ថ្លៃថ្លានិងការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតទាំងនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ដើម្បីឱ្យអង្គភាព CMAC អាចបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះដើម្បីសង្គ្រោះអាយុជីវិតនិងរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើននិងប្រកបដោយចីរភាព។
សូមជម្រាបថា គម្រោងនេះមានគោលបំណងលុបបំបាត់ហានិភ័យបង្កដោយគ្រាប់មីននិងសំណល់ជាតិផ្ទុះឱ្យមានប្រសិទ្ធភាព ស្តារជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ដែលរងផលប៉ះពាល់ ជំរុញដល់កំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាព។
សូមបញ្ជាក់ថា សង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ២០២៥ កន្លងទៅនេះបានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជាដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌទូទៅ គំរាមកំហែងសុខសុវត្ថិភាពលេីផ្ទៃដីចំនួនប្រមាណ៤៤១.៥៩៥ហិកតា ក្នុងភូមិសាស្ត្រនៃភូមិចំនួន៣៤០ មានចំនួនជាង ៩១.៤១១គ្រួសារ ស្មេីនឹងមនុស្សរាយជិត៣៦៤,៦៩៤នាក់ ក្នុង៧ខេត្តតាមបណ្តោយព្រំដែនកម្ពុជា-សៀម។ គម្រោងនេះត្រូវអនុវត្តដោយផ្តោតជាសំខាន់នៅខេត្តឧត្តរមានជ័យ ដែលមានផ្ទៃដីសង្ស័យរងផលប៉ះពាល់ចំនួន៤០.៤០០ហិកតា ស្ថិតក្នុងភូមិចំនួន១៤៥។ ទន្ទឹមនឹងជំនួយនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ការគាំទ្រលេីការងារសម្ភារបច្ចេកទេសនិងពង្រឹងសមត្ថភាពធនធានមនុស្សផងដែរ។



