សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្ត សម្អាតផ្ទះយើងដោយបណ្តេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់

admin By admin February 6, 2026

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥និងលើកទិស ដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្រ្កាបឱ្យបានម៉ឺងម៉ាត់រាល់បទល្មើសប្រឈមក្នុងសង្គម រួមមាន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្សជាដើម ដោយសម្តេចបានគូសបញ្ជាក់ទៀតថា «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្ត សម្អាតផ្ទះយើងដោយបណ្តេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិនិងប្រជាជនយើង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារនៃក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ទូទាំងប្រទេស ដែលបើទោះបីជាក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាបានប្រឈមឧបសគ្គស្មុគស្មាញជះឥទ្ធិពលមកពីកត្តាខាងក្រៅ ប៉ុន្តែបានអនុវត្តតួនាទីភារកិច្ចប្រកបដោយទំនួលខុសត្រូវ រួមចំណែកសម្រេចកម្មវិធីនយោបាយរាជរដ្ឋាភិបាលដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។

អង្គសន្និបាតបានសម្តែងការដឹងគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលបានពុះពារការពារបូរណភាពទឹកដី ដោយប្រកាន់ជំហរដោះស្រាយជម្លោះព្រំដែនតាមគោលការណ៍សន្តិវិធី រហូតឈានដល់ការសម្រេចបាន នូវបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥។

នៅក្នុងសន្និបាតនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ការណែនាំកិច្ចការអាទិភាពមួយចំនួនទៀតជូន អង្គសន្និបាត រួមមាន ការបន្តគាំពារនិងផ្តល់ជំនួយគាំទ្រជូនពលរដ្ឋភៀសសឹកដែលខូចខាតផ្ទះសម្បែងឬមិនទាន់ អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *