អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាំអំណោយនូវ អំណោយ ជាគ្រឿងឧបភោគ បរិភោគប្រគល់ជូនអភិបាលខេត្តស្ទឹងត្រែង!
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនVattanac Brewery Co., LTD. និង ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បាននាំយកនូវអំណោយ ជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូន ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ដល់រដ្ឋបាលខេត្តស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង កងរាជអាវុធហត្ថខេត្ត មន្ទីរសុខាភិបាល និងមណ្ឌល ជនភៀសសឹកខេត្តស្ទឹងត្រែង។
ឯកឧត្តម សរ សុពុត្រា បានថ្លែងថា ៖ ការចូលរួមថវិកា និងសម្ភារៈជាស្បៀងឧបភោគបរិភោគដោយស្ម័គ្រចិត្ត ពីអ្នកឧកញ៉ា គឺបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ និងជាការលើកទឹកចិត្ត ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាពបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង តាំងនាមថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរសុខាភិបាលខេត្ត និងប្រជាជន ភៀសសឹកនៅក្នុងខេត្តក្រចេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលបានផ្តល់ជំនួយជាថវិកា អង្ករ ទឹកសុទ្ធV-Active អាវស្មារតី ខ្មែរតែមួយ និងភេសជ្ជៈ មកដល់រដ្ឋបាលខេត្ត ហើយទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់អ្នកឧកញ៉ា លើការងារសប្បុរសធម៌ និងកិច្ចការសង្គម ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សរ សុពុត្រា បានជូនពរ ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យ បន្ថែមទៀត ដើម្បីបន្តចូលរួមរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឈានឆ្ពោះទៅមុខ និងប្រកបដោយសុខសន្តិភាព ៕





