ពូទីន ព្រមានត្រាំ អំពីហានិភ័យធ្ងន់ធ្ងរនៃវិបត្តិថាមពលសកលបើសង្គ្រាមនៅមជ្ឈិមបូព៌ានៅតែបន្ត
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេលជាងមួយម៉ោងកាលពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានព្រមានប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ អំពីហានិភ័យធ្ងន់ធ្ងរនៃវិបត្តិថាមពលសកល។
លោក ពូទីន បានលើកឡើងថា ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ា (ជាពិសេសជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់) នៅតែបន្តទៀត លំហូរប្រេងពីតំបន់ឈូងសមុទ្រពែក្ស ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស (Strait of Hormuz) អាចនឹងត្រូវកាត់ផ្តាច់ទាំងស្រុងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ លោកបានបញ្ជាក់ថា ទិន្នផលប្រេងនៅតំបន់នេះកំពុងធ្លាក់ចុះរួចហើយ ដោយសារស្តុកប្រេងមានសភាពពេញណែន និងមិនអាចដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដែលត្រូវបានរំខាន ឬបិទខ្ទប់ដោយសារស្ថានភាពសង្គ្រាម។ លទ្ធផលនេះនឹងធ្វើឱ្យតម្លៃប្រេង និងសាំងឡើងថ្លៃខ្លាំងជាងបច្ចុប្បន្នទៀត ដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។លោក ពូទីន បានចាត់ទុកស្ថានភាពនេះថាជាវិបត្តិថាមពលសកលដែលបង្កឡើងដោយគោលនយោបាយ «ដ៏ខុសឆ្គង» របស់បស្ចិមប្រទេស រួមទាំងសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីបានព្រមានជាច្រើនលើករួចមកហើយថា ការធ្វើឲ្យមិនស្ថិរភាពនៅមជ្ឈិមបូព៌ានឹងនាំឱ្យមានវិបត្តិថាមពលធ្ងន់ធ្ងរ។ទន្ទឹមនឹងការព្រមាននេះ លោក ពូទីន ក៏បានបញ្ចេញមតិសំខាន់ៗមួយចំនួន ដែលមានគោលបំណងឈានទៅរកការដោះស្រាយវិវាទនៅអ៊ីរ៉ង់តាមផ្លូវនយោបាយ និងការទូតឱ្យបានឆាប់រហ័ស។ លោកបានលើកឡើងពីសុទិដ្ឋិនិយមរបស់រុស្ស៊ីក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធ រួមទាំងបណ្តាប្រទេសក្នុងឈូងសមុទ្រ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។