ក្រសួងការពារជាតិ ប្រកាសបើកការស៊ើបអង្កេតបន្ទាន់ ករណីផ្ទុះគ្រាប់បែករបួសយោធិនខ្មែរ ៤នាក់

SangKheb Daily By SangKheb Daily July 6, 2026

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ បំភ្លឺជុំវិញឧបទ្ទវហេតុផ្ទុះគ្រាប់បែកមួយគ្រាប់ ដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ បណ្តាលឱ្យយោធិនកម្ពុជា ៤នាក់រងរបួស។យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២៖៣៥ នាទីរសៀល ខណៈដែលកងកម្លាំងល្បាតកម្ពុជាកំពុងធ្វើប្រតិបត្តិការល្បាតនៅក្នុងតំបន់ចម្ការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។បើតាមប្រភពផ្លូវការ កងកម្លាំងកម្ពុជាបានជួបប្រទល់មុខជាមួយក្រុមល្បាតយោធាថៃ ដែលកំពុងល្បាតនៅម្ខាងរបងលួសបន្លា។ បន្ទាប់ពីកងកម្លាំងទាំងពីរបានឆ្លងគ្នាបន្តិច ស្រាប់តែមានការផ្ទុះគ្រាប់បែកមួយគ្រាប់ពីខាងក្រោយ បណ្តាលឱ្យអម្បែងគ្រាប់បែកខ្ទាតត្រូវយោធិនកម្ពុជា ៤នាក់រងរបួស។បច្ចុប្បន្ន ជនរងគ្រោះទាំង ៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ និងកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ជុំវិញឧបទ្ទវហេតុនេះ គណៈបញ្ជាការជួរមុខ និងក្រុមមន្ត្រីជំនាញកម្ពុជា បានបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងបន្ទាន់ ដើម្បីស្វែងរកការពិត ព្រមទាំងមូលហេតុពិតប្រាកដនៅពីក្រោយការផ្ទុះគ្រាប់បែកនេះ។ទោះបីជាមានឧបទ្ទវហេតុផ្ទុះអាវុធបង្កឱ្យមានរបួសដល់កងកម្លាំងក៏ដោយ ក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ជំហរដាច់ខាតរបស់ខ្លួនក្នុងការបន្តគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់កិច្ចព្រមព្រៀងសន្តិភាព និងស្ថិរភាពដែលបានសម្រេចបានកន្លងមក។ ក្នុងនោះរួមមាន៖

  • សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
  • សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែរក្សាការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់ តាមវិធីសន្តិវិធី ដើម្បីរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

Leave a Reply

Your email address will not be published. Required fields are marked *

Share this content