រដ្ឋមន្ត្រីក្រសួងការបរទេសថៃព្រមានទូតចិនត្រូវពន្យល់រឿងទេសចរចិន កុំចេញសេចក្តីថ្លែងការណ៍បង្កការភាន់ច្រឡំ

SangKheb Daily By SangKheb Daily August 5, 2026

បាងកក៖ បន្ទាប់ពីមានហេតុការណ៍កើតឡើងជាបន្តបន្ទាប់ពាក់ព័ន្ធជនជាតិចិននៅប្រទេសថៃ ជាពិសេសរឿងនៅអាកាសយានដ្ឋានសុវណ្ណភូមិនាពេលចុងក្រោយនេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សិហាស័ក ផួងកេតកែវ (Sihasak Phuangketkeow) បានព្រមានទៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងបាងកក ឲ្យពន្យល់ពីហេតុការណ៍ទាំងអស់ ជាជាងធ្វើសេចក្តីថ្លែងការណ៍ដែលបង្កការភាន់ច្រឡំ។សារព័ត៌មាន Khaosod បានដកស្រង់សម្តីលោក សិហាស័ក ដែលថ្លែងនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ថា ទូតចិនគួរតែពន្យល់អំពីរឿងហេតុចម្រូងចម្រាសពាក់ព័ន្ធទេសចររបស់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិ ហើយកុំធ្វើសេចក្តីថ្លែងការណ៍ដែលបង្កជាក្តីបារម្ភដល់សាធារណជន ព្រោះវាជាបញ្ហារសើប ដែលតម្រូវឲ្យមានការដោះស្រាយផ្នែកការទូតទើបល្អ។ថ្មីៗនេះ ទំនាក់ទំនងថៃ-ចិនប្រែល្អក់កករ ព្រោះតែកើតរឿងមិនចេះចប់ ជាពិសេសការអនុវត្តវិធីសាស្រ្តធ្ងន់ធ្ងរហួសហេតុ ឈានដល់ការប្រើអំពើហិង្សាលើជនជាតិចិននៅប្រទេសថៃ។កាលពីសប្តាហ៍មុន សន្តិសុខថៃ ដែលអាងខ្លួនជាម្ចាស់ប្រទេស បានប្រើហិង្សាលើជនជាតិចិន អំឡុងពេលចូលរួមព្រឹត្តិការណ៍ពិព័រណ៍សៀវភៅមួយក្នុងទីក្រុងបាងកក។ ស្ថានទូតចិនប្រចាំទីក្រុងបាងកកបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យអាជ្ញាធរថៃបើកការស៊ើបអង្កេតជាបន្ទាន់ ព្រោះនោះគឺជាករណីប្រើហិង្សាជ្រុលហួសហេតុពេកលើពលរដ្ឋខ្លួន។ប៉ុន្មានថ្ងៃក្រោយមក អ្នកដំណើរចិន ២០ នាក់ត្រូវបានហាមឡើងជិះយន្តហោះនៅអាកាសយានដ្ឋានសុវណ្ណភូមិ ហើយសន្តិសុខព្រលានថែមទាំងធ្វើកាយវិការបែបរើសអើងពណ៌សម្បុរទៀតផង។

Leave a Reply

Your email address will not be published. Required fields are marked *

Share this content