មកស្គាល់កីឡាករហ្វីលីពីនម្នាក់ដែលនឹងស្នងភាពល្បីល្បាញរបស់ Pacquiao
កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកាសឈប់ឡើងសង្វៀនហើយ និងគ្រោងឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ហ្វីលីពីននៅឆ្នាំ២០២២ខាងមុខ។

Pacquiao វ័យ៤២ឆ្នាំប្រកួតចុងក្រោយជាមួយកីឡាករគុយបា Yodenis Ugas កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២១ ដោយកាលនោះចាញ់ពិន្ទុ។ នេះក៏ជាការប្រកួតចុងក្រោយរបស់ Pacquiao ផងដែរ ដោយសារតែគេត្រៀមខ្លួនប្រលូកក្នុងវិស័យនយោបាយឲ្យកាន់តែខ្លាំងក្លាជាងមុខ។
មានមន្ទិលមួយចំនួនលើកឡើងថា ក្រោយពេល Manny ចូលនិវត្តន៍ តើកីឡាករហ្វីលីពីនរូបណានឹងមកស្នងតំណែងជំនួស? កីឡាករ Mark Magsayo សញ្ជាតិហ្វីលីពីនត្រូវបានគេមើលឃើញថា នឹងអាចស្នងភាពល្បីល្បាញរបស់សិស្សច្បង Pacquiao បាន។

Magsayo វ័យ២៦ឆ្នាំបច្ចុប្បន្នកំពុងហ្វឹកហាត់ជាមួយលោក Freddie Roach ដែលជាគ្រូរបស់ Pacquiao យូរឆ្នាំមកហើយនោះ។ Magsayo មានកំណត់ត្រាប្រកួតល្អណាស់ វាយ២៣ដងមិនដែលចាញ់ និងផ្ដួលដៃគូឲ្យបោះបង់ការប្រកួតដល់ទៅ១៦ដង។
ថ្មីៗកន្លងទៅ Magsayo ទើបតែដណ្ដើមខ្សែក្រវាត់ WBO ប្រភេទទម្ងន់ Featherweight ក្រោយយកឈ្នះកីឡាករម៉ិកស៊ិក Julio Ceja។ ជាមួយកំណត់ត្រា វ័យ និងក្រោមការបង្ហាត់របស់លោក Freddie Roach អ្នកគាំទ្រហ្វីលីពីនជឿជាក់ថា Magsayo នឹងអាចស្នងតំណែង Pacquiao បាន៕
