សម្ដេចហ៊ុន ម៉ាណែត ប្រាប់ Reuters ថា ៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានអន្តរជាតិ Reuters នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កងទ័ពថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅនៅក្នុងតំបន់ជាច្រើន ទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជួយសម្របសម្រួលកាលពីចុងឆ្នាំ២០២៥ក៏ដោយ។សម្តេចបានលើកឡើងថា «យើងនៅតែមានកងកម្លាំងថៃកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជាក្នុងតំបន់ជាច្រើន។ នេះគឺលើសពីខ្សែបន្ទាត់ព្រំដែនដែលថៃបានទាមទារតែឯកតោភាគីទៅទៀត»។ សម្តេចបានបន្ថែមទៀតថា ទាហានថៃបានដំឡើងទូកុងតឺន័រ (shipping containers) និងបន្លាលួស (barbed wire) នៅក្នុងតំបន់ដែលថៃបានទទួលស្គាល់ជាយូរណាស់មកហើយថាជាទឹកដីកម្ពុជា ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់មិនអាចត្រឡប់ទៅផ្ទះវិញបាន។សម្តេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះមិនមែនជាការចោទប្រកាន់នោះទេ គឺជាការបញ្ជាក់ពីការពិតនៅលើដី។ សម្តេចបានបដិសេធមិនទទួលស្គាល់ការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ហើយបានអំពាវនាវឱ្យថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម (Joint Boundary Commission – JBC) ចាប់ផ្តើមធ្វើការដោះស្រាយបញ្ហាព្រំដែនជាបន្ទាន់ ដោយផ្អែកលើកិច្ចសន្យា និងកិច្ចព្រមព្រៀងដែលមានស្រាប់។បទសម្ភាសន៍នេះធ្វើឡើងក្នុងឱកាសដែលសម្តេចកំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតី Trump។ បញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានប្រវត្តិស្មុគស្មាញជាយូរមកហើយ បានធ្លាក់ចូលដល់កម្រិតប្រយុទ្ធគ្នាខ្លាំងក្លានៅឆ្នាំ២០២៥ ដែលនាំឱ្យមានការស្លាប់រងរបួស និងការជម្លៀសប្រជាជនរាប់ម៉ឺននាក់។ ទោះបីមានបទឈប់បាញ់ច្រើនដង ក៏តំបន់ព្រំដែននៅតែមានភាពផុយស្រួយ។