អាជ្ញាធរឃុំពាមប្រធ្នោះ ចុះសម្របសម្រួលជាមួយក្រុមហ៊ុនអគ្គិសនី សាយ សោភា លើបញ្ហាបង្គោលភ្លើង និងវិក័យបត្រ
ឃុំពាមប្រធ្នោះ៖ ក្រោមការចង្អុលបង្ហាញពីលោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក លោក ហ៊ុល សារ៉ន អភិបាលរង នៃគណៈអភិបាលស្រុក រួមជាមួយអ្នកពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាឃុំពាមប្រធ្នោះ បានចុះសម្របសម្រួលជាមួយក្រុមហ៊ុន សាយ សោភា (ម្ចាស់អាជីវកម្មអគ្គិសនី) បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ និងស្នើសុំអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាបង្គោលភ្លើងមិនស្របតាមបច្ចេកទេស ដែលងាយនឹងដួល និងខ្សែភ្លើងមិនរៀបរយ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា បង្គោលភ្លើងមួយចំនួនទ្រេត និងខ្សែភ្លើងរញ៉េរញ៉ៃ បង្កការព្រួយបារម្ភខ្លាំង ជាពិសេសនៅរដូវភ្លៀងធ្លាក់ អាចបង្កហានិភ័យគ្រោះថ្នាក់ផ្សេងៗ រួមទាំងការឆ្លងភ្លើង និងគ្រោះថ្នាក់ជាយថាហេតុ។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏បានស្នើសុំឱ្យក្រុមហ៊ុនបកស្រាយពន្យល់អំពីករណីមិនប្រក្រតីក្នុងការចេញវិក័យបត្រអគ្គិសនី ដូចជាកុងទ័រផ្សេង វិក័យបត្រផ្សឹង និងវិក័យបត្រឡើងខ្ពស់មិនប្រក្រតី ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។
ក្រោយពីទទួលបានបញ្ហាពាក់ព័ន្ធរបស់ប្រជាពលរដ្ឋ លោក ហ៊ុល សារ៉នអភិបាលរងស្រុក បានចុះទៅពិនិត្យមើលស្ថានភាពនៅទីតាំងជាក់ស្ដែង និងធ្វើការសម្របសម្រួលជាមួយតំណាងក្រុមហ៊ុន សាយ សោភា ដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យបានទាន់ពេលវេលា។
ខាងក្រុមហ៊ុន សាយ សោភា បានឯកភាពពិនិត្យមើលការងារឡើងវិញក្នុងដែនអាជីវកម្មរបស់ខ្លួន និងនឹងជួបជាមួយប្រជាពលរដ្ឋដែលមានបញ្ហានៅនឹងទីតាំងផ្ទាល់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីស្តាប់បញ្ហា និងស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌។