ជនបរទេស ២,២៧៨នាក់ មាន ២៨សញ្ជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

Sam Sitha By Sam Sitha June 12, 2026

ភ្នំពេញ៖ រដ្ឋបាលក្រសួងមហាផ្ទៃបានអនុវត្តការបណ្តេញចេញជនបរទេសខុសច្បាប់សរុបចំនួន ២,២៧៨នាក់ (ស្រី ២២៧នាក់) មកពី ២៨សញ្ជាតិ ក្នុងអំឡុងពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ការបណ្តេញចេញនេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការដឹកនាំតម្រង់ទិសយ៉ាងមុតមាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះអនុវត្តយ៉ាងម៉ឺងម៉ាត់។បើតាមស្ថិតិ ក្នុងចំណោមជនបរទេសដែលត្រូវបានបណ្តេញចេញ រួមមានជនជាតិចិន ៦៣៥នាក់ និងជនជាតិវៀតណាម ១៨០នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ជនជាតិចិនត្រូវបានបណ្តេញចេញតាមយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ រីឯជនជាតិវៀតណាមត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ជនបរទេសដែលត្រូវបានបណ្តេញចេញមានសញ្ជាតិពីប្រទេសដូចជា៖ នីហ្សេរីយ៉ា កាមេរូន បង់ក្លាដេស នេប៉ាល់ កេនយ៉ា យ៉ូហ្គង់ដា ហ្វីលីពីន ចិនតៃវ៉ាន់ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ហ្គាណា មីយ៉ាន់ម៉ា កូរ៉េ រុស្សី ចិន វៀតណាម ស៊ូដង់ ឥណ្ឌា អាហ្វ្រិកកណ្តាល លីបេរីយ៉ា តុងហ្គោ ជប៉ុន ប្រេស៊ីល រវ៉ាន់ដា ណាមីប៊ី ប៊ូរុនឌី ស្រីលង្កា ទុយនីស៊ី និងម៉ាឡាវី។ក្រៅពីករណីឆបោកអនឡាញ ជនបរទេសខ្លះទៀតត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ រួមមាន លួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌនានា។

ការបណ្តេញចេញនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពសង្គម ការពារប្រជាពលរដ្ឋទាំងក្នុងស្រុក និងអ្នកវិនិយោគបរទេសស្របច្បាប់។អាជ្ញាធរក៏បានផ្តល់ឱកាសឱ្យជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការក្នុងអង្គភាពឆបោក អាចវិលត្រឡប់ទៅប្រទេសកំណើតវិញដោយសេរីភាព ខណៈដែលនៅបន្តស្វែងរក និងដំណើរការលើមេខ្លោងនៅពីក្រោយ។ក្រសួងមហាផ្ទៃបានបញ្ជាក់ថា នឹងបន្តអនុវត្តវិធានការរឹងម៉ាំ គ្មានការលើកលែង ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *

Share this content