លោក ដូណាល់ ត្រាំ ត្រៀមដកខ្លួនពីសង្គ្រៀមជាមួយអ៊ីរ៉ង់ ដោយលើហេតុផលថា គោលដៅមិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានសម្រេចហើយ
យោងតាមការចុះផ្សាយរបស់ Times of Israel នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោកត្រាំបានបញ្ជាក់ថា៖ «ពួកគេគ្មានកងទ័ពជើងទឹក គ្មានយោធា គ្មានកងទ័ពអាកាស គ្មានប្រព័ន្ធទូរគមនាគមន៍ គ្មានប្រព័ន្ធការពារដែនអាកាស និងគ្មានអ្នកដឹកនាំឡើយ»។លោកបានបន្ថែមថា ប្រសិនបើអ៊ីរ៉ង់យល់ព្រមមកតុចរចា នោះជារឿងល្អ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា វាមិនមែនជាបញ្ហាសំខាន់នោះទេ ទោះបីជាពួកគេព្រមចរចា ឬក៏អត់ក៏ដោយ។ទន្ទឹមនោះ មេដឹកនាំវ័យ៧៩ឆ្នាំរូបនេះ បានបញ្ជាក់ថា កងទ័ពអាមេរិកនឹងត្រូវដកចេញពីប្រទេសអ៊ីរ៉ង់ប្រហែល២-៣សប្តាហ៍ទៀត ពេលចប់ប្រតិបត្តិការ ដោយមិនចាំបាច់ទាល់តែមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នោះទេ។លោកត្រាំបាននិយាយថា៖ «គោលដៅតែមួយគត់គឺមិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានឡើយ ហើយគោលដៅនោះបានសម្រេចហើយ។ យើងកំពុងបញ្ចប់កិច្ចការនេះ សហរដ្ឋអាមេរិកនឹងចាកចេញ ប្រហែលក្នុងរង្វង់ពីរសប្តាហ៍ ឬលើសពីនេះពីរបីថ្ងៃទៀត ដើម្បីបញ្ចប់ការងារ»។ការអះអាងរបស់លោកត្រាំកើតឡើងក្នុងបរិបទនៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងសមត្ថភាពយោធារបស់អ៊ីរ៉ង់។ លោកបានគូសបញ្ជាក់ថា ការវាយប្រហាររបស់អាមេរិកបានបំផ្លាញសមត្ថភាពសំខាន់ៗរបស់អ៊ីរ៉ង់យ៉ាងខ្លាំង រួមទាំងកងទ័ព កងទ័ពអាកាស កងទ័ពជើងទឹក និងប្រព័ន្ធការពារ។លោកត្រាំក៏បានបញ្ជាក់ដែរថា ការដកកងទ័ពអាមេរិកចេញនឹងកើតឡើងដោយឯករាជ្យ ដោយផ្អែកលើការសម្រេចបាននូវគោលដៅសំខាន់ គឺការទប់ស្កាត់មិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។