ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបសុពលភាពបណ្ណសម្គាល់សារព័ត៌មាន របស់អ្នកសារព័ត៌មានឈ្មោះ កៅ ពិសិដ្ឋ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចលុបសុពលភាពបណ្ណសម្គាល់សារព័ត៌មាន របស់បុគ្គលឈ្មោះ កៅ ពិសិដ្ឋ ហើយមិនអនុញ្ញាតឱ្យបន្តប្រកបអាជីពជាអ្នកសារព័ត៌មានតទៅទៀត។

ការសម្រេចនេះ ធ្វើឡើងក្រោយពីមានការរកឃើញថា បុគ្គលនេះបានប្រើប្រាស់ឈ្មោះជាអ្នកកាសែត ទៅទារលុយពីម្ចាស់សិប្បកម្មផលិតទឹកកកមួយកន្លែង នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ សកម្មភាពនេះ ត្រូវបានចាត់ទុកថាជាការរំលោភលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងបង្កផលប៉ះពាល់ដល់កិត្តិយសនៃវិស័យសារព័ត៌មានទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាឱ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ណែនាំដល់ម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ ឱ្យតម្រូវឱ្យបុគ្គលិក និងអ្នកយកព័ត៌មានគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈយ៉ាងតឹងរឹង។ គោលបំណងនៃការណែនាំនេះ គឺដើម្បីការពារកិត្តិយស និងគុណតម្លៃរបស់វិស័យសារព័ត៌មាន ក៏ដូចជាធានាឱ្យមានបរិយាកាសការងារស្អាតស្អំ និងមានទំនុកចិត្តពីសាធារណជន។
ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា វិធានការនេះ គឺជាផ្នែកមួយនៃការពង្រឹងការគ្រប់គ្រងវិស័យសារព័ត៌មាន ដើម្បីការពារការប្រព្រឹត្តខុសឆ្គង និងរក្សាសេចក្តីថ្លៃថ្នូរ របស់អ្នកសារព័ត៌មានពិតប្រាកដ។