ជនសង្ស័យ ៤នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងឃាតកម្មគិតទុកជាមុន រកឃើញសាកសពកប់ក្នុងរណ្តៅលូមានចាក់បេតុងពីលើ

SangKheb Daily By SangKheb Daily June 3, 2026

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចាប់ខ្លួនជនសង្ស័យ ៤នាក់ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងបទល្មើសឃាតកម្មគិតទុកជាមុន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌច្បារអំពៅ បានឱ្យដឹងថា ជនសង្ស័យទាំង ៤នាក់ បានចូលរួមអំពេីឃាតកម្មជនរងគ្រោះ ២នាក់ (ជាស្ត្រីភេទទីបី) កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង៣០នាទី នៅផ្ទះសំណាក់លេខ ១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរ//ងគ្រោះទាំងពីររូបមានឈ្មោះ៖

• តាំង សុីម៉េង (ឡីឡី)​ អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន

• អែម គីមស្រ៊ុន អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តតាក់ស៊ី

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ពួកគេបានចាប់ខ្លួនជនរងគ្រោះទាំងពីរនាក់ រួចនាំទៅប្រគល់ឱ្យជនជាតិភូមា ៤នាក់ នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ក្រោយពីទទួលបានចម្លើយសារភាព សមត្ថកិច្ចខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វារ បានចុះសហការរកឃើញសាកសពជនរងគ្រោះទាំងពីរនាក់ កប់នៅក្នុងរណ្តៅលូ មានចាក់បេតុងពីលើ នៅក្នុងផ្ទះគ្មានលេខ ក្នុងភូមិបាក់ខែងខាងលើ។ ផ្ទះនេះជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ ឈ្មោះ លី វ៉ៃតា ឆ្នាំកំណើត ១៩៨៣ ដែលបច្ចុប្បន្នបានគេចខ្លួន។

ជនសង្ស័យទាំង ៤នាក់ដែលត្រូវបានចាប់ខ្លួនរួមមាន៖

• សុខា ដានី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ

• យុន គឹមហ៊ន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ

• Wong Yenlong ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន

• Yu Weiming ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបាននាំទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ដើម្បីរកឃើញជនដែលនៅពាក់ព័ន្ធបន្ថែម ជាពិសេសមេក្លោងលី វ៉ៃតា និងជនជាតិភូមា ៤នាក់ដែលបានទទួលជនរងគ្រោះ។

Leave a Reply

Your email address will not be published. Required fields are marked *

Share this content